តាមរយៈបណ្តាញសង្គម លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ គឺលោកយាយ ទេវនាដនិម្មិត ឯម ធាយ។
លោកស្រីថា នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ « រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បះខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ »។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ បានទទួលមរណភាពនៅវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ គាត់គឺជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។
ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាមរតកមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍៕