រដ្ឋបាលគយ នៃប្រទេសចិន កាលពីពេលថ្មីៗនេះ បានអនុញ្ញាតជាស្ថាពរឲ្យមានការនាំចូលផលិតផលជលផលចំនួន៤ប្រភេទពីប្រទេសកម្ពុជា ដែលរួមមាន បង្កងប៉ាក អន្ទង់ ត្រីរ៉ស់ និងខ្យង។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានថ្លែងថា សត្វទាំងអស់នេះ ក្រសួងបានដាក់ស្នើទៅកាន់ភាគីចិនអស់រយៈពេលជាង១ឆ្នាំហើយ ហើយមកដល់ពេលនេះមានការអនុញ្ញាតជាផ្លូវការ។ លោកចាត់ទុកការសម្រេចនេះ គឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ ជាមួយការសម្រេចអនុញ្ញាតនេះ គយចិនក៏បានបញ្ជាក់ដែរថា ស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ខ្លួនស្នើដល់ភាគីកម្ពុជាពង្រឹងការត្រួតពិនិត្យបន្ថែមទៀតលើជលផលដែលនាំទៅកាន់ប្រទេសចិន ដោយត្រូវប្រកាន់ខ្ជាប់កិច្ចទប់ស្កាត់លើជំងឺវីរុសឲ្យបានល្អប្រសើរ ហើយបុគ្គលិកក្រុមហ៊ុនត្រូវអនុវត្តតាមលក្ខខណ្ឌទប់ស្កាត់ជំងឺវីរុសឲ្យបានម៉ឺងម៉ាត់ មានដូចជាស្លៀកសម្លៀកបំពាក់ការងារ ពាក់ម៉ាស និងស្រោមដៃឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបំពុលដល់ជលផលនិងការវេចខ្ចប់ខាងក្រៅ៕