សង្គម

គ.ជ.ប លុបចោលការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ សាកល្បង នៅថ្ងៃទី២០ មិថុនា​២០២១​ តាម​សំណើរបស់​សម្តេចតេជោ​

នៅព្រលប់ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២១ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប)​ បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ សាកល្បង នៅថ្ងៃទី២០ មិថុនា​ ២០២១ខាងមុខនេះ​ តាម​សំណើរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។

នៅ​ក្នុង​សារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះដែ​រ​ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។​

សម្តេចតេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់​ គ.ជ.ប តែ​ គ.ជ.ប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង​៕