ប្រទេសវៀតណាម ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនដល់បណ្តាប្រទេសនានានៅក្នុងអាស៊ីអាគ្នេយ៍ ពីការពន្យារពេលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយគ្រោងលើកពេលទៅធ្វើនៅឆ្នាំ២០២២ជំនួសវិញ ព្រោះតែវិបត្តិជំងឺកូវីដ-១៩។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងស្តីពីការពន្យារពេលស៊ីហ្គេមឆ្នាំ២០២១នេះ ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ។ ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតពីគណៈកម្មាធិការជាតិវៀតណាមថា អូឡាំពិកវៀតណាម មានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីស្នើសុំយោបល់ជាមុនសិន មុននឹងសម្រេចជាផ្លូវការ។ កិច្ចប្រជុំបន្ទាន់នេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី៩ ខែមិថុនា ២០២១ វេលាម៉ោង ១រសៀល តាមប្រព័ន្ធ Zoom៕