សង្គម

វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស​ទៀតបានដឹកមក​ដល់​កម្ពុជា​នៅព្រឹកនេះ ខណៈ២លានដូសទៀតនឹងដឹកមកជាបន្តបន្ទាប់នៅពាក់កណ្តាលខែនេះ

វ៉ាក់សាំង​កូវីដ​១៩​សរុបចំនួន១លានដូស ដែល​រាជរដ្ឋាភិបាលបានបញ្ជាទិញ​ពីក្រុមហ៊ុន​ Sinovac និង Sinopharm របស់ប្រទេសចិន បានដឹក​មក​ដល់ប្រទេស​កម្ពុជានៅព្រឹក​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២១នេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា នៅមានវ៉ាក់សាំង​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ដឹក​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់ ពោល​គឺនៅប៉ុន្មានថ្ងៃនេះទៀត​តែប៉ុណ្ណោះ។ ក្នុងនោះ​បើតាម​ការ​បញ្ជាក់របស់លោកជំទាវថា រាជរដ្ឋាភិបាលបានបញ្ជា​ទិញវ៉ាក់សាំង​កូវីដ​១៩ពីក្រុមហ៊ុន Sinovac ចំនួន៦លានដូស និង​ពីក្រុមហ៊ុន Sinopharm ចំនួន ៦លានដូស។

ដោយ​ឡែក​សម្រាប់យុទ្ធនាការ​ក្នុងការ​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវិញ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ជាថ្មីម្តង រាជរដ្ឋាភិបាលនឹងធ្វើការ​ចាក់​ជូនប្រជាពលរដ្ឋ​នៅ​ក្នុងរាជធានីភ្នំពេញទាំងអស់ រួចបន្ត​ទៅ​កាន់ខេត្ត​កណ្តាល និងទៅ​កាន់ទីតាំងដែលមានការប្រឈមខ្លាំង ដូចជា​បណ្តា​រោងចក្រ​ដែលមាន​កម្មករ​ច្រើន​នៅ​បណ្តា​ខេត្ត​នានា៕