សង្គម

ករណីឆ្លងកូវីដ​១៩ថ្មី ហក់ឡើងសារជាថ្មី​គួរ​ឲ្យ​ព្រួយ​បារម្ភ

តាមសេចក្តីជូនដំណឹង​របស់ក្រសួងសុខាភិបាល​នៅថ្ងៃទី៤ ខែមិថុនានេះ​បាន​បញ្ជាក់ថា កម្ពុជា​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី រហូត​ដល់ទៅ ៨៨៦នាក់ ដែលជា​ចំនួនច្រើន ជិត​ស្មើ​នឹង​ចំនួនកម្ពុជា​ធ្លាប់​ឆ្លង​ខ្ពស់​បំផុតកាលពីពាក់​កណ្តាល​ខែមុន។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះដែរ កម្ពុជា​ក៏​មាន​ករណីជា​សះស្បើយ​ចំនួន ៧៨១នាក់ផងដែរ ខណៈ​អ្នក​ស្លាប់​មាន​ចំនួន៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ និងស្លាប់សរុបចំនួន ២៤២នាក់។

ជាមួយ​នឹង​ចំនួន​កើន​ឡើងដ៏ច្រើននេះ ​នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង នៃក្រសួងសុខាភិបាល​​បានធ្វើការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូមបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។

ដូច្នេះយេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
ហើយយេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕