យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានី-ខេត្ដនាពេលកន្លងមកនេះជំងឺកូវីដ ១៩ កំពុងឆ្លងរីករាលដាលចូលពន្ធនាគារមួយចំនួនក្នុងនោះមានពន្ធនាគារមណ្ឌលអប់រំទី ១ ឬព្រៃស ពន្ធនាគារខេត្ដកណ្ដាល ពន្ធនាគារខេត្ដព្រះសីហនុ និងពន្ធនាគារខេត្ដបន្ទាយមានជ័យ ដែលមានជនជាប់ឃុំសរុបជិត ២០០ នាក់មានវិជ្ជមាន។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងថា ពេលនេះ មន្ដ្រីនៃអគ្គនាយកដ្ឋាពន្ធនាគារកំពុងសម្រុកចុះទៅតាមពន្ធនាគារគោលដៅ ដើម្បីត្រួតពិនិត្យ និងដាក់វិធានការទប់ស្កាត់ បង្ការ កុំឱ្យមានការបន្តឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងពន្ធនាគារ ប៉ុន្តែនៅខ្វះខាតសម្ភារសម្រាប់បង្ការការចម្លងមេរោគ។
យ៉ាងណាក៏ដោយចំពោះមុខនាពេលនេះ ជាគោលការណ៍ណែនាំថ្មី គឺយើងបន្ថែមការធ្វើចត្ដាឡីស័កចំពោះជនជាប់ឃុំដែលចូលថ្មី និងជនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចាប់ពី ១៤ ថ្ងៃទៅ ២០ ថ្ងៃ និងដាក់ឱ្យនៅដាច់ដោយឡែក។ កាលពីមុនមកចំពោះជនជាប់ឃុំដែលចូលថ្មីគឺយើងគ្រាន់តែធ្វើការពិនិត្យសំណាកប៉ុណ្ណោះ។ ប៉ុន្ដែគោលការណ៍ថ្មីនេះគឺត្រូវពិនិត្យសំណាកជនជាប់ឃុំដែលចូលថ្មីចំនួន ៣ ដង។