សង្គម

បើកគោយន្តត្រឡប់ពីចំការតាមផ្លូវចាស់ពីសម័យសង្រ្គាម ជាន់មីនតោនផ្ទុះស្លាប់១នាក់និងរបួសធ្ងន់១នាក់

មនុស្ស​ម្នាក់បានស្លាប់​នៅ​ហ្នឹង​កន្លែង និង​ម្នាក់ទៀតបានរងរបួស ដោយសារ​តែ​ការ​ផ្ទុះមីនតោន ក្រោយ​ពីពួក​គេ​បាន​បើកគោយន្ត​ត្រឡប់មក​ពីចំការ​តាម​ផ្លូវឡានចាស់ ដែលបន្សល់ទុក​កាលពីសម័យសង្រ្គាម។

ហេតុការណ៍នេះ បានកើត​ឡើងនៅវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀល ថ្ងៃទី ២៧ខែឧសភា នៅចំណុច ចំការចេកក្រោម ភូមិចំការចេក ឃុំ ស៊ុង ស្រុកសំឡូតខេត្តបាត់ដំបង ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវ​បានគេ​បញ្ជាក់ថា ម្នាក់មានឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ២៧ឆ្នាំ ស្លាប់បាត់បង់ជីវីត និង ម្នាក់ទៀតឈ្មោះ ហង់ សីហ័រ អាយុ២៦ឆ្នាំ រងរបួសមុខ។

បើតាម​សមត្ថកិច្ចថា ជនរងគ្រោះទាំងពីរបានជិះគោយន្តទៅកាត់ស្មៅចំការថ្មី ដែលទើបធ្វើឆ្នាំនេះ ស្ថិតក្បែរទីតាំងកើតហេតុខាងលើ លុះមានភ្លៀង រលឹម ជនរងគ្រោះទាំងពីរ បានបើកគោយន្ត ត្រឡប់មកផ្ទះវិញ កាត់តាមផ្លូវឡានចាស់ក្នុងសម័យសង្គ្រាម ដែលផ្លូវនេះទុកចោលមិន មានអ្នកបើកឆ្លងកាត់នោះទេ ក៏បណ្តាលឲ្យ​ជាន់មីនតោនផ្ទុះឡើងតែម្តង ដោយ​បណ្តាលឲ្យ​តៃកុងគោយន្តស្លាប់នៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយខ្ទាតធ្លាក់ពីលើគោយន្ត ហើយក្រោកប្រឹងរត់មកប្រាប់អ្នកភូមិពីហេតុការណ៍ រួចខ្លួនក៏ងងឹតមុខដួលសន្លប់តែម្តង និងត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕