ករណីកម្មកររាប់រយនាក់នាំគ្នាសម្រុកចេញពីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតក្នុងក្រុងបាវិត កាលពីល្ងាចថ្ងៃទី២៦ ឧសភា ម្សិលមិញ ឥឡូវនេះរដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតបញ្ជាក់ពីព្រឹត្តិការណ៍នោះហើយ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា មានកម្មករម្នាក់ធ្វើការនៅរោងចក្រតម្លើងកង់ អេ អេន ជេ ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ក្នុងក្រុងបាវិត បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ហើយលទ្ធផលឃើញថា វិជ្ជមានកូវីដ១៩។
បន្ទាប់មកក្រុមការងារស្រាវជ្រាវ បានចុះទៅយកវត្ថុសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ហើយលទ្ធផលវិជ្ជមានកូវីដ១៩ចំនួន៣នាក់នៅក្នុ្ងងរោងចក្រនោះ។ ដូច្នេះក្រុមការងារក៏បន្តយកសំណាកអ្នកប៉ះពាល់នៅក្នុងអគារចំនួន ១៤៥នាក់ ជាលទ្ធផលរកឃើញមនុស្សចំនួន ៥៤នាក់វិជ្ជមាន។
បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យ នៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគសំណាករកមេរោគកូវីដ១៩ និងផលប៉ះពាល់នៃការឆ្លងក៏ដោយ ដោយបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុល ក៏នាំគ្នាធ្វើដំណើរចេញពីរោងចក្រតែម្តង៕