សង្គម

បុរសដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឥឡូវ​នេះ​ត្រូវបញ្ជូនទៅឃុំខ្លួន​នៅ​​ពន្ធនាគារព្រៃស ហើយ ក្រោយព្យាបាលកូវីដ១៩ជាសះស្បើយ

បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើល និង​ត្រូវ​បានកម្លាំង​កង​រាជអាវុធហត្ថ​ចេញ​ប្រតិបត្តិការ​តាមចាប់ត្រឡប់មកវិញនោះ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ត្រូវ​បាន​បញ្ជូន​ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។

យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។

គួររំលឹកផងដែរថា បុរសខាងលើ បានព្យាយាមរត់ចេញពីមណ្ឌលព្យាបាលជងឺកូវីដ១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា កាលពីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ នៅចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ តែម្តង៕