បន្ទាប់ពីសង់របងព័ទ្ធយកដីស្រះដែលស្ថាបនាដោយលោកឧកញ៉ា ម៉ុង ឬទ្ធី រហូតដល់អាជ្ញាធរចុះមកទប់ស្កាត់ និងវាយកម្ទេចចោលវិញនោះ ឥឡូវនេះ ម្ចាស់ហាងខារ៉ាអូខេរឹតតែស្រស់ ដែលស្ថិតនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានលេចធ្លាយនូវរឿងរ៉ាវសាងសង់របងរំលោភយកដីខ្នងប្រឡាយសាធារណៈរបស់រដ្ឋថែមមួយទៀតហើយ។
ខ្នងប្រឡាយសាធារណៈរបស់រដ្ឋដែលម្ចាស់ហាងខារ៉ាអូខេនេះសង់របងរំលោភយក គឺមានទទឹង ២ម៉ែត្រ និងបណ្តោយជាង ៤០ម៉ែត្រ ហើយបើយោងតាមកំណត់ហេតុរបស់អាជ្ញាធរថា ម្ចាស់ហាងរូបនេះបានទទួលស្គាល់ថា ខ្លួនបានរំលោភយកដីប្រឡាយរបស់រដ្ឋមែន ហើយក៏បានសន្យារថានឹងរុះរើដោយខ្លួនឯងតាំងតែពីខែវិច្ឆិកា ឆ្នាំ២០១៩ម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់ខារ៉ាអូខេខាងលើមិនបានធ្វើតាមកិច្ចសន្យាឡើយហើយថែមទាំងផ្គើនក្រុមអាជ្ញាធរឃុំថែមទៀតផង។
ពាក់ពន្ធ័ករណីខាងលើនេះ លោក កឹម ពន្លក មេឃុំរវៀងបានឲ្យដឹងថា មូលហេតុដែលម្ចាស់ខារ៉ាអូខេមិនរុះរើរបងដែលសង់យកដីប្រឡាយទឹក គឺម្ចាស់ហាងរង់ចាំម្ចាស់របងស្ថានីយ៏ទឹកស្អាតនៅជាប់គ្នាពីខាងកើតនោះវាយចេញដែរ ទើបម្ចាស់ហាងខារ៉ាអូខេគេវាយចេញដូចគ្នា។
លោកមេឃុំបានបញ្ជាក់ទៀតថា រឿងម្ចាស់របងទឹកស្អាតនោះ លោកកំពុងឆ្លងទៅថ្នាក់លើដើម្បីធ្វើកំណត់ហេតុឲ្យរុះរើចេញដូចគ្នា ដោយលោកមិនទុកឲ្យមានការច្បាមយកដីរដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានជាដាច់ខាត។
ជាការកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះនៅខេត្តតាកែវ មានសំណង់គ្មានច្បាប់ជាច្រើន កំពុងតែធ្វើសកម្មភាពសាងសង់ ដូចជាការសង់របងរំលោភយកដីប្រឡាយព្រែក អូរ ស្ទឹង ស្ថានីយ៏ប្រេងសង់យកដីចំណីផ្លូវ ឃ្លាំងសង់នៅកណ្ដាលបឹង ផ្ទះជាប្រភេទសំណង់រឹងមាំអាចសង់រំលោភដីបឹង ឬស្ទឹងជាដើម ដោយមិនមានអាជ្ញាធរហាមឃាត់ឡើយ៕