យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភាកន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥ម៉ឺន២ពាន់៨៩១ នាក់ ដោយចំនួននេះមានការកើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ មានភ្ញៀវទេសចរសរុបប្រមាណ ១៣ម៉ឺននាក់ បានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរនានាក្នុងប្រទេសកម្ពុជា។
ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន ខេត្តកំពត, ខេត្តកែប, ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់។
យ៉ាងណាក៏ដោយ បើតាមលោករដ្ឋមន្រ្តីថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ។ លោកថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន៕