សង្គម

ករណីបង្រ្កាបក្លឹបកម្សាន្តកណ្តាលក្រុងភ្នំពេញថៅកែក្លឹប​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់ ត្រូវ​បញ្ជូនទៅតុលាការ ចំណែក​ភ្ញៀវ​៣៤នាក់ ​ត្រូវ​ពិន័យ​ម្នាក់​៥លាន

ករណីសមត្ថកិច្ច​ឆ្មក់បង្រ្កាប​ទីតាំងកម្សាន្ត​មួយ​កន្លែង​ស្ថិត​នៅ​នៅ​តាម​បណ្តោយ​មហាវិថីព្រះមុនីវង្ស ក្នុង​សង្កាត់​បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២១នោះ ឥឡូវ​នេះ​ថៅកែក្លឹប និង​បុគ្គលិក​ដែលជាជនជាតិចំនួន១០ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​កាន់តុលាការ​នៅថ្ងៃទី២២ ឧសភានេះ ចំណែក​ភ្ញៀវដែលចូលទៅកម្សាន្ត​ចំនួន ៣៤នាក់ ត្រូវ​ពិន័យ​ម្នាក់ៗ ៥លានរៀល។

ពួកគេត្រូវ​បានចោទ​ចំពោះការល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។

គួរ​រំលឹកថា កាលពីយប់រំលងអធ្រាតថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងក្លឹបមួយនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ដោយមានជនជាតិចិនចំនួន ២៦នាក់ (ស្រី ៧នាក់​ )​ ជនជាតិវៀតណាមចំនួន ៧នាក់ស្រី ជនជាតិកូរ៉េចំនួន០១នាក់ប្រុស ជនជាតិម៉ាឡេសុីចំនួន០១នាក់ប្រុស និងជនជាតិខ្មែរចំនួន ១០នាក់ ( ស្រី ៥នាក់​ )​ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន និងសារធាតុញៀនសរុបចំនួន ៣៧៩.៣២​ ក្រាម​ និង​ ៨០​ មីលីលីត្រ​ ។

បន្ទាប់ពីដំណើរការធ្វើតេស្តរកមេរោគកូវីដ-១៩​ ដោយក្រុមគ្រូពេទ្យ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ជំហ៊ានបន្ទាប់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន​ បានធ្វើតេស្តរកសារធាតុញៀនរួចមក ជាលទ្ធផលបានរកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន ៦នាក់​ និងអ្នកពាក់ព័ន្ធ​ ចំនួន​៥នាក់ទៀតពាក់ព័ន្ធនឹងការប្រេីប្រាស់​ ចែកចាយ​ សារធាតុញៀន​ ហេីយសមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿងបញ្ជូនជនទាំង១១នាក់នេះទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ចំណែកឯភ្ញៀវចំនួន​ ៣៤នាក់​ ( ស្រី​១៨នាក់)​ រួមមានជនជាតិចិន​ ១៥នាក់​ ជនជាតិវៀតណាម​ ០៧នាក់​ ជនជាតិខ្មែរ​ ១០នាក់​ ជនជាតិកូរ៉េ​ ១នាក់​ និងជនជាតិម៉ាឡេសុីម្នាក់​ ដែលបានទៅលេងនៅក្លឹបកំសាន្តនោះ ដែលល្មើសទៅនឹងវិធានការសុខាភិបាល គឺត្រូវបានធ្វើការពិន័យជាទឹកប្រាក់ចំនួន ៥លានរៀលក្នុងម្នាក់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕