ស្រ្តីអាយុ៥០ម្នាក់ដែលបានធ្វើដំណើរចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជាតំបន់លឿងទុំ នៃការផ្ទុះរាលដាលជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ ពេលដែលគាត់ធ្វើដំណើរទៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧ ឧសភា ម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ស្រ្តីរូបនោះតាមពិតមានអាសយដ្ឋាននៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយគាត់បានវិលត្រឡប់មកពីរាជធានីភ្នំពេញវិញតាមរថយន្តដឹកអ្នកដំណើរភ្នំពេញ-ស្ទឹងត្រែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅគោលដៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ចំណុចអូរច្រឡង់ ធ្វើការពិនិត្យសុខភាព និងធ្វើតេស្តរហ័សវិភាគរកជំងឺកូវីដ១៩ ហើយក៏រកឃើញថាវិជ្ជមាន។
ដោយឡែកអ្នករួមដំណើរជាមួយក្នុងរថយន្តចំនួន១២នាក់ រួមទាំងអ្នកបើកបរ ត្រូវបានយកសំណាកធ្វើតេស្តរហ័សវិភាគរកជំងឺកូវីដ១៩ ហើយជាលទ្ធផលអវិជ្ជមានទាំងអស់ តែយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិតស្រាល ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រង ដើម្បីតាមដានសុខភាពបន្ត និងធ្វើតេស្តសំណាកវិភាគ តាមបទដ្ឋានបច្ចេកទេសសុខាភិបាល៕