សង្គម

សប្តាហ៍នេះ អាចនឹង​មាន​ភ្លៀងធ្លាក់ខ្លាំង ក្រសួងស្នើ​ដល់ពលរដ្ឋរស់​នៅ​តំបន់វាល​ទំនាបកណ្តាល និង​ខេត្ត​ជាប់ប្រទេស​វៀតណាម ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹក​ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១នេះ បានប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​បណ្តា​ខេត្ត​ នៃតំបន់វាល​ទំនាប​កណ្តាល​ភាគ​ខាង​ត្បូង ភាគពាយ័ព្យ និង​បណ្តា​ខេត្ត​ភាគ​ខាង​កើត​ជាប់ប្រទេស​វៀតណាម សូម​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ដែលអាច​នឹង​កើត​មានពីថ្ងៃទី១៣-១៦ ខែឧសភា។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងថា ក្នុង​អំឡុង​ ១សប្តាហ៍​ទៅមុខ​នេះ ខ្យល់​មូសុង​និរតី នឹង​បង្កើន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ដែលវា​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាលមាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិត​ពីមធ្យម ទៅបង្គួរ ហើយ​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល ភាគ​ខាង​ត្បូង និង​បណ្តា​ខេត្ត​នៅ​ភាគ​ខាង​កើត​ជាប់​ប្រទេស​វៀតណាម អាច​មាន​ភ្លៀងធ្លាក់​ក្នុង​បរិមាណច្រើន។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀងរាយប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម ទៅបង្គួរ។

ដោយ​ឡែក​សម្រាប់​តំបន់មាត់សមុទ្រវិញ នឹង​អាច​មាន​ភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ៕