សង្គម

សាស្រ្តាចារ្យសាកលវិទ្យាល័យម្នាក់​ ចងកសម្លាប់ខ្លួនដោយសារភ្លើងប្រច័ណ្ឌ ដោយបន្សល់ទុកអក្សរលើក្តារខៀន ឱ្យជួយរកយុត្តិធម៌

សាស្រ្តារចារ្យម្នាក់នៅសាកលវិទ្យាល័យមួយ​នៅខេត្តបាត់ដំបង បានសម្រេចចិត្តចងកសម្លាប់ខ្លួនលើធ្នឹមផ្ទះ ដោយសារតែភ្លើងប្រច័ណ្ឌ និងបានសរសេរអក្សរទុកនៅលើក្តារខៀនផនដែរ។ ករណីនេះ បានកេីតឡេីងកាលពីយប់រំលងអាធ្រាត្រ​ ថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២១ នៅផ្ទះរបស់ខ្លួន​ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ​៥៣ឆ្នាំ​ ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ UME និងប្រពន្ធ​ ឈ្មោះ ឡុង សុម៉ាលី ជាគ្រូបង្រៀនថ្នាក់បឋមសិក្សា។​ ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីប្រពន្ធនេះ តែងមានទំនាស់គ្នាជាញឹកញាប់​ ៤-៥ខែមកហើយ។​ នៅមុនពេលកើតហេតុ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នា​ និងបានប្រើអំពើហិង្សា។ ដោយមិនចង់ឈ្លោះ ប្រពន្ធបានរត់ទៅដេកនៅផ្ទះកូនរបស់ខ្លួនដែលជួលនៅម្តុំភូមិជ្រៃកោង សង្កាត់ស្លាកែត ទាំងយប់។ ពេលនោះ ប្តីក៏ទៅតាម និងបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធដោយសារតែភ្លើងប្រច័ណ្ឌ នៅខាងក្រៅទ្វារបន្ទប់ជួលរបស់កូន។ ដោយឃើញឪពុក មានកាន់កូនកាំបិតផង ខ្លាចមានអំពើហិង្សាកើតឡើង កូនមិនបានបើកទ្វារឱ្យនោះទេ ទើបឪពុក បានប្រើហិង្សាវាយបំបែកកញ្ចក់បន្ទប់ជួលនោះ។ ក្រោយពីកូនមិនបើកទ្វារឱ្យ ជនរងគ្រោះបានវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

នៅពេលជនរងគ្រោះត្រឡប់ទៅផ្ទះ​ ក៏បានទូរស័ព្ទទៅម្តាយនៅម៉ោង​ ២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៥ ខែឧសភា ថាខ្លួនមិនចង់រស់នៅទៀតទេ ចាំជាតិក្រោយចាំជួបគ្នា។​ លុះព្រឹកឡើង ដោយម្តាយនៅឆ្ងាយមិនបានទៅមេីល​ ក៏បានឱ្យប្អូនប្រុសទៅមើល ទើបឃើញជនរងគ្រោះចងកសម្លាប់ខ្លួនទៅហើយ និងបានឃេីញសរសេរអក្សរនៅលើក្តាខៀន ផ្តាំផ្ញើដែលមានខ្លឹមសារថា «ខ្ញុំខ្មាស់គេណាស់ សុំលាសិនហើយ ប្រពន្ធផិតក្បត់ សូមជួយរកយុត្តិធម៌ឱ្យខ្ញុំផង»។

យោងតាមការសន្និដ្ឋាន​ ដោយសារតែវិបត្តិភ្លើងប្រច័ណ្ឌផង និងបញ្ហាសេដ្ឋកិច្ចដែលសាលាបិទទ្វារ មិនអាចចេញបង្រៀនបានផង ទើបធ្វើឱ្យគ្រូបង្រៀននេះ ពិបាកចិត្តសម្រេចចិត្តគិតខ្លីដូច្នេះ។​ ភ្លាមៗ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះពិតជា បានចងកសម្លាប់ខ្លួនពិតប្រាកដមែន និងប្រគល់ឱ្យសាច់ញាតិរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕