សង្គម

រោងចក្រនៅតំបន់លឿង អាចផ្តើមសកម្មភាពឡើងវិញបាន តែត្រូវប្រើកម្លាំងត្រឹម ៥០% នៃកម្មករសរុប

លោក​ ហេង​ សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​បញ្ជាក់ថា យោង​តាម​ការ​សម្រេចថ្មីរបស់​រដ្ឋបាលរាជធានីភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល រោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។

ក្នុងនោះដែរ អ្នកគ្រប់គ្រងរោងចក្រត្រូវយកថ្ងៃទី១ នៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ (ថ្ងៃទី០៦ ខែឧសភា) ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០% ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០%ទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ ដែលមានរយៈពេល២សប្តាហ៍ដូចគ្នា។

ទន្ទឹមនឹងនេះត្រូវពិនិត្យលើ៖

១. ស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីនបម្រើឱ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់ក្នុងអាគារផលិតកម្ម

២. វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាសឱ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ ,ការបាញ់អាល់កុលពេលចូលនិងចេញពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ

៣. ការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឱ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ

៤. ត្រៀមរំឮកម្មករនិយោជីតឱ្យពាក់ម៉ាសជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឱ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ៕