កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គីភ័យបានឆេះផ្សារត្រាំកក់ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបណ្តាលឲ្យខូចខាតតូប និងសម្ភារៈជាច្រើន។
បើតាមពលរដ្ឋនៅកន្លែងកើតហេតុថា ដំបូងឡើយភ្លើងបានឆេះពីចំណុចតូបលក់ស្បែកជើងនិងសំម្លៀកបំពាក់ ២ជួរក្បែរផ្លូវខាងលិច ហើយក៏បន្តឆេះរាលដាលខ្លាំងឡើងៗ ទៅតូបផ្សេងៗទៀត ហើយតូបខ្លះក្រុមអាជីវករយកអីវ៉ាន់ចេញបានខ្លះ ឯតូបខ្លះទៀតក៏ត្រូវភ្លើងឆេះអស់។
បន្ទាប់ពីកើតអគ្គិភ័យនេះភ្លាមៗ គេក៏ឃើញមានកម្លាំងសមត្ថកិច្ចដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក ខាន់ សុខា អភិបាលរងខេត្ត រួមនិងគណៈបញ្ជាការឯកភាពស្រុក បានចុះជួយធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។
តាមការឲ្យដឹងពីកងអន្តរាគមន៍ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តទឹកអស់ចំនួន១៨ឡាន និងប្រើរយៈពេលជិត៣ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។
ដោយឡែកចំពោះទំហំនៃការខូចខាត និងមូលហេតុនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕