អាជ្ញាធរខេត្តតាកែវ បានសម្រេចធ្វើការផ្អាកការលក់ដូរទាំងអស់នៅក្នុងផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកបាទី ចាប់ពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រោយពីគេរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់។
ក្នុងនោះដែរ អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ ត្រូវកំណត់ឲ្យផ្តល់វត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ។
ក្រៅពីការយកសំណាក អាជីវករ ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវហាមឃាត់ការជួបជុំប្រមូលផ្តុំមនុស្ស នៅក្នុងអំឡុងពេល នៃការអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ននេះ៕