រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងបញ្ជាក់នៅព្រឹកមិញនេះថា តាមផែនការ ដែលបានគ្រោងទុក ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍ សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នឹងប្រើរយៈពេល ១ខែ ក្នុងខែឧសភា គឺឲ្យហើយ ទាំងការចាក់លើកទី១ និងលើកទី២។
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំពេញ មានការ ឆ្លងរាលដាល ជំងឺកូវីដ១៩ ខ្លាំងណាស់ ហើយជារៀងរាល់ថ្ងៃ មានអ្នកឆ្លងកើនឡើង ជាបន្តបន្ទាប់ ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យ ដ៏ជាក់លាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា យកវ៉ាក់សាំង ទៅស្រោច នៅតំបន់ ក្រហម ឲ្យវាឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយ អ្នកដែលមានហានិភ័យខ្ពស់ នៅក្នុងតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល និងធ្វើយ៉ាងណា ទប់ទល់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅតំបន់ក្រហម ឲ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើង បន្ទាប់ពីសម្តេច ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ដោយមិនគិតពីក្រុមអាទិភាពអ្វីឡើយ ហើយផ្តើមចេញពីតំបន់ក្រហម៕