សង្គម

ឱសថបុរាណចិន LIANHUA QINGWEN ដែលគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩ស្រាល ចំនួន៨៨០០០ប្រអប់ ត្រូវរដ្ឋាភិបាលចិន ផ្តល់ដល់កម្ពុជា

ថ្នាំបុរាណចិន ដែលមានឈ្មោះថា Lianhua Qingwen ចំនួន ៨៨០០០ ប្រអប់ ត្រូវ​បានរាជរដ្ឋាភិបាលចិនផ្តល់ជាជំនួយ​មក​ដល់ព្រះរាជាណាចក្រ​កម្ពុជានៅថ្ងៃនេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា ឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN» ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចេញវិញ្ញាបនបត្របញ្ជិកាជូន​កាលពីពេលថ្មីៗនេះ ដែលមានន័យថា ថ្នាំនេះ ត្រូវបានអនុញ្ញាតឱ្យចរាចរ នៅក្នុងទីផ្សារប្រទេសកម្ពុជា។

បើយោងតាមមន្រ្តីសុខាភិបាលថា ឱសថបុរាណចិន «LIANHUA QINGWEN» នេះ មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ករឺឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។

ជាមួយគ្នានេះដែរ បើ​យោង​តាម​ការ​ចុះផ្សាយរបស់សារព័ត៌មានចិនថា នៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីឆ្នាំទៅ ថ្នាំនេះ ត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតិឲ្យ​ប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិនក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានលក្ខណៈធូរស្រាល៕