វ៉ាក់សាំងកូវីដ១៩ ប្រភេទ ស៊ីណូហ្វាម ជាជំនួយលើកទី៣ របស់រដ្ឋាភិបាលប្រទេសចិន ចំនួន៤០ម៉ឺនដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
គិតមកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។
តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ ដោយធ្វើឲ្យកម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្លាប់បានប្រកាសថា នៅឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន១០លានដូស ដោយដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ នៅខែឧសភា ចំនួន១លាន៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូសបន្ថែមទៀត៕