វរសេនីយ៍ត្រី គឹម ពិសិទ្ធ មានតួនាទីជាជំនួយការកងវិស្វកម្មលេខ១៨០ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចដកឋានន្តរសក្កិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះមិនគោរពរសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
គួរជំរាបថា កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នគរបាលខេត្តកណ្តាលបានចាប់ខ្លួនមនុស្សប្រុសស្រី៣នាក់ ក្រោយពីពួកគេបានស្រវឹងស្រា និងរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល នៅចំណុច ផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មនុស្សទាំង៣នាក់នោះ ទី១.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋាន វិស្វកម្ម (ឃាត់ខ្លួន) មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ ទី២.ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន) និងទី៣.ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរគ្រូចិនសែ (ឃាត់ខ្លួន)។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖ រថយន្ត១គ្រឿងម៉ាក ford evrest ពណ៌ ត្រេអ៊ី ផ្លាកលេខ ខម០១២-៧២០៤ ។
បច្ចុប្បន្នជនសង្ស័យទាំង ៣រូបខាងលើសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុស្តាប់ចម្លើយ អាចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕