រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ទៅលើប្តីប្រពន្ធ២នាក់ ដែលគាត់
រស់នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក។
ពីរនាក់ប្តីប្រពន្ធនេះ រស់នៅបន្ទប់ជួលនៅទីក្រុងភ្នំពេញ ហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ពួកគាត់បានជិះម៉ូតូកង់បីផ្ទាល់ខ្លួនត្រឡប់មកស្រុកំណើត ដោយមិនបានឈប់សម្រាកតាមផ្លូវទេ លុះមកដល់ប៉ុស្តិ៍ត្រួតពិនិត្យព្រំប្រទល់កំពង់ធំ-កំពង់ចាម ពួកគាត់បានគេចទៅតាមផ្លុវទឹកឆា និងមកដល់ផ្ទះនៅម៉ោង៩ព្រឹក។
ពេលមកដល់ផ្ទះ ក្រៅពីក្រុមគ្រួសារ៦នាក់ ពួកគាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយអាជ្ញាធរបានចុះទៅធ្វើការវាស់កម្តៅ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយនៅថ្ងៃទី១១ ខែមេសា ក៏បញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។
ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក អ្នកទាំងពីរមិនមានរោគសញ្ញាសង្ស័យអ្វីនោះទេ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១៕