កាលពីថ្ងៃម្សិលមិញ (២៣ មេសា) គេឃើញក្រុមមន្រ្តីភូមិបាលក្រុងដូនកែវ បានចុះទៅធ្វើការហាមឃាត់សំណង់ឃ្លាំងដ៏ធំមួយកន្លែងស្ថិតនៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ព្រោះតែការសាងសង់ឃ្លាំងនោះគ្មានលិខិតអនុញ្ញាតិ ហើយបានណែនាំឲ្យម្ចាស់សំណង់ទៅបំពេញបែបបទត្រឹមត្រូវតាមផ្លូវច្បាប់ទើបអនុញ្ញាតិឲ្យសង់បន្ត។
លោក សាង មករា ដែលជាម្ចាស់ឃ្លាំងបានឲ្យដឹងថា លោកបានចំណាយលុយជាបន្ដបន្ទាប់ឲ្យមន្រ្តីសុំលាក់ឈ្មោះរត់ការឲ្យលោកដើម្បីបានសាងសង់ឃ្លាំងនេះ តែអ្នករត់ការនោះថា ធ្វើបណ្ដើរៗសិនទៅ ហើយលុយរបស់លោកក៏ចេញបណ្ដើរៗដែរ លុះលោកចេះតែសាងសង់ជាហូរហែរមក ស្រាប់តែនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ ក៏មានក្រុមមន្រ្តីចុះមកឲ្យលោកផ្អាកការសាងសង់ ដោយតម្រូវឲ្យលោកទៅរត់ច្បាប់ពីថ្នាក់លើសិនទើបអាចសាងសង់បន្តទៀតបាន។
លោក មករា បញ្ជាក់ថា លោកមិនបានស្គាល់ក្រុមមន្រ្តីនោះជានណាទេ តែគេតម្រូវឲ្យលោកយកលុយចាប់៥ពាន់ដុល្លាទៅ៦ពាន់ដុល្លាទៅរត់ការច្បាប់ទៅវាត្រឹមត្រូវតាមផ្លូវច្បាប់ ហើយបានសាងសង់ដោយរលូនហើយ។ លោកបន្ថែមទៀតថា លោកពិតជាលែងយល់មិនដឹងច្បាប់គេគិតយ៉ាងម៉េចទេ ព្រោះលោកសង់ឃ្លាំងស្តុបភេសជ្ជះលក់ដូរទេ។
ជុំវិញករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោក កែវ សំណាង មន្រ្តីភូមិបាលក្រុងដូនកែវបានទេនៅថ្ងៃនេះ ចំណែកលោក នួន សុធា ប្រធានមន្ទីសុរិយោដីសំណង់និងនគរូបនីយកម្មខេត្តតាកែវ ក៏មិនអាចសុំការបំភ្លឺបានដែរ។
ករណីនេះ គេកំពុងតែឆ្ងល់ថា ពេលឃ្លាំងនោះសាងសង់ហេតុអ្វីមិនមានមន្រ្តីចុះទៅហាមឃាត់ ព្រោះឃ្លាំងនោះធំណាស់ រហូតដល់សង់ជិតរួចរាល់ហើយ ស្រាប់តែមានមន្រ្តីចុះហាម ដែលគេសង្ស័យថា ប្រហែលជាមន្រ្តីទាំងនោះបណ្តាក់គ្នាដើម្បីស៊ីលុយពីម្ចាស់សំណង់ហើយ ឬមួយក៏ប្រហែលជាម្ចាស់សំណង់នោះសែនមិនត្រូវ ធ្វើអ្នកតាកាច់យ៉ាងនេះ៕