សង្គម

បិទខ្ទប់ទីក្រុងភ្នំពេញជាង១សប្តាហ៍ហើយ តែស្ថានភាពកូវីដ១៩នៅតែធ្ងន់ធ្ងរ, តោះមកដឹងពីមូលហេតុ

គិតមកត្រឹមថ្ងៃនេះ រាជធានីភ្នំពេញ​ត្រូវ​បានអាជ្ញាធរធ្វើការបិទខ្ទប់រយៈពេលជាង​១សប្តាហ៍ហើយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩, ប៉ុន្តែបើ​ងាកមកមើល​តួលេខ នៃការរកឃើញវិជ្ជមានវីរុសកូវីដ១៩ថ្មីវិញ គឺហាក់ដូចជាមិនធូរស្រាលសោះ តើដោយសារមូលហេតុអ្វី?

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CC-Times របស់ចិន ដែលគេបានចុះផ្សាយនៅថ្ងៃនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេលមួយសប្តាហ៍នេះបានបន្តកើនឡើង ហើយស្ថានភាពដូចគ្នានេះបានកំពុងកើតឡើងនៅក្រុងព្រះសីហនុនាពេលថ្មីៗនេះផងដែរ។ «បច្ចុប្បន្ននេះនៅក្នុងសហគមន៍នៅតែមានអ្នកជម្ងឺដែលមិនមានចេញរោគសញ្ញាជាច្រើន ដែលពួកគេកំពុងរងចាំការធ្វើតេស្ត ដូច្នេះនៅសប្តាហ៍ខាងមុខនឹងនៅតែមានករណីវិជ្ជមានកូវីដ១៩ថ្មីជាបន្តបន្ទាប់ទៀត»។

លោកស្រីថា មូលហេតុដែលបណ្តាលឲ្យ​មានការផ្ទុះឡើង នៃជំងឺកូវីដ១៩ខ្លាំងឡើងៗ និងមិនអាចគ្រប់គ្រងគឺមានកត្តាធំៗ៣យ៉ាង រួមមាន៖ បច្ចុប្បន្នវីរុសកូវីដ១៩ដែលកំពុងចរាចរក្នុងប្រទេសកម្ពុជាគឺជាវីរុសកូវីដ១៩បំលែងថ្មីប្រភេទ B.1.1.7 ដែលវាមានការឆ្លងកាន់តែខ្លាំង។ កត្តាទី២គឺ ការកើនឡើងនៃអ្នកដែលបានឆ្លងដែលមិនចេញរោគសញ្ញា បណ្តាលអោយការយឺតយ៉ាវក្នុងធ្វើតេស្តរកឃើញករណីថ្មីនៃវិជ្ជមានកូវីដ១៩។ កត្តាទី៣គឺ ការគោរពវិធានការបង្ការការរាលដាលនៃជំងឺកូវីដ១៩របស់ប្រជាជនចាប់ផ្តើមធ្លាក់ចុះ។

លោកស្រីសង្កត់ធ្ងន់ថា គ្រាន់តែបិទទីក្រុងគឺមិនគ្រប់គ្រាន់ទេ ហើយបើយោងតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា មានតែវិធានការអនាម័យជាមូលដ្ឋានដូចជា ការលាងដៃញឹកញាប់ ពាក់ម៉ាស កុំទៅកន្លែងដែលមានមនុស្សច្រើន បញ្ឈប់ការប្រមូលផ្តុំ និង ថែរក្សាស្តង់ដារការពារការរាតត្បាតនៅតាមកន្លែងធ្វើការជាដើម។ បើមិនដូច្នោះទេទោះបីរយៈពេលខ្លីមានការថយចុះនៃចំនួនវិជ្ជមានកូវីដ១៩ក៏ដោយ វានឹងកើនឡើងវិញប្រសិនបើមិនគោរពរឺអនុវត្តតាមវិធានការខាងលើ៕

ប្រភព៖ CC-Times