នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល តាមជើងយន្តហោះកម្ពុជាពិសេស ទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅថ្ងៃទី២៤ ខែមេសា។
សម្តេចនាយករដ្ឋមន្ត្រី បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ»។
បើតាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ សម្តេចនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃទី២៤ មេសា ដដែលនេះ៕