សង្គម

បើកឡានផឹកស្រាឡាយវីដេអូ ឌឺសមត្ថកិច្ច ឥឡូវចាប់បានហើយ ត្រូវ​ពិន័យម្នាក់ ៥លានរៀល

បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ ផ្ទុយនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងកូវីដ១៩​ ត្រូវសមត្ថកិច្ច​ហៅ​មក​ធ្វើកិច្ចសន្យា​ និងធ្វើការផាកពិន័យក្នុងម្នាក់ ៥លានរៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វើការក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ជាអ្នកបេីកបររថយន្ត​ និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព​ ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មើសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាល (មាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩​) ។

រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ​ ៕