អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីល្ងាចមិញថា ក្នុងរយៈពេល១សប្តាហ៍ នៃការបិទខ្ទប់រាជធានីភ្នំពេញ ដោយគិតពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១២៧នាក់ ដែលបានល្មើសនឹងបំរាមកំឡុងការបិទខ្ទប់។
ក្នុងចំណោមមនុស្សទាំង ១២៧នាក់នោះ តុលាការបានចេញដីកាឃុំខ្លួនចំនួន ៦នាក់ , កំពុងសាកសួរនៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ២នាក់ , ធ្វើការ អប់រំណែនាំរួចដោះលែងចំនួន ៧នាក់ និងពិន័យអន្តរការណ៍ចំនួន១០៧នាក់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់៕