នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង បានសម្រេចបិទមូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងបេងកង រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។
អាជ្ញាធរបានបញ្ជាក់ថា ការបិទផ្សារអូឡាំពិកនេះ គឺ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជា ពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនអាជីករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ ពីថ្ងៃ០៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ មានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅបរិវេណ សាលមហោស្រពចេនឡា ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត៕