អាជ្ញាធរខណ្ឌទួលគោក កាលពីយប់មិញនេះ បានសម្រេចធ្វើការបិទជាបណ្តោះអាសន្ន ផ្សារដេប៉ូ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌទួលគោក ក៏បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ នៅបរិវេណទីរួមផ្សារដេប៉ូ៕