អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញនេះ បានដាក់ចេញនូវបទបញ្ជា ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូលខេត្តបាត់ដំបងជាបណ្តោះអាសន្នរយៈពេល៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ការបិទមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបងនេះ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយការហាមឃាត់នេះ ក៏បានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ, ការធ្វើដំណើររបស់មន្រ្តីរាជការសាធារណៈ, ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ, រថយន្តសង្រ្គោះបន្ទាន់, រថយន្តពន្លត់អគ្គិភ័យ, រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម, ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ, ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ និងការធ្វើដំណើរដោយមូលហេតុចាំបាច់។