សង្គម

សម្តេច ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​មានការជូនដំណើរ ពេលទៅប្រជុំអាស៊ាននៅថ្ងៃទី២៤ មេសា ទេ

ក្នុងសារជាសំឡេងជូនដំណឹង​ដល់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងការចូលទៅចូលរួមប្រជុំអាស៊ាន​នៅប្រទេស​ឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ខាងមុខ សម្តេចនឹងចុះពីឡាន រួច​ឡើងយន្តហោះតែម្តង ដោយ​មិន​ឲ្យ​មានមន្រ្តីក្នុងរាជរដ្ឋាភិបាលជូនដំណើរ​នោះ​ឡើយ។

ហេតុផល​ដ៏ងាយយល់ សម្តេចបានបញ្ជាក់ថា ដោយ​សារ​ពេល​នេះ ទីក្រុងភ្នំពេញត្រូវបានបិទ ដែលហាមឃាត់មិន​ឲ្យ​មាន​ការ​ចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ជាមួយ​គ្នា​នេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី សម្តេចនឹងឡើងយន្តហោះ​ត្រឡប់​មក​ប្រទេសកម្ពុជាវិញភ្លាម នៅវេលាម៉ោងប្រមាណ៩យប់ ហើយ​ពេលមក​ដល់ ក៏មិនតម្រូវឲ្យ​មានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ តែជំនួសទៅវិញ ដោយ​ការ​យកសំណាក។

បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន ពេលត្រឡប់មកវិញទាំងសម្តេច និងគណៈប្រតិភូ ត្រូវយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មានសុវត្ថិភាព មិនមានជំងឺកូវីដ១៩ ហើយចម្លងទៅអ្នកដទៃ៕