សង្គម

មួយទៀតហើយ! ប្រើរថយន្តសាម៉ុយដឹកមនុស្សឆ្លងខេត្ត សមត្ថកិច្ចចាប់បាន​នៅខេត្តរតនគិរី

កាលពីវេលាម៉ោងប្រមាណជិត១២យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ចដែលឈរជើងនៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង និងរតនគិរី និងអាជ្ញាធរស្រុកកូនមុំ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់រថយន្តសាម៉ុយដឹកមនុស្សពីរាជធានីភ្នំពេញ មក​កាន់ខេត្តរតនគិរី។

ជនសង្ស័យបានប្រើប្រាស់រថយន្តសាមុយពាក់ស្លាកលេខ ភ្នំពេញ 2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ​ ដោយធ្វើដំណើរ​មក​កាន់ខេត្តរតនគិរី។

ជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជាក់ថា

1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ​ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ

2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ​ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។​ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។

3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ​ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ ។

4/- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ​ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។

យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់​លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាឲ្យដឹកមនុស្ស២នាក់​ គឺអ្នកទី៣​ និងទី៤​ ក្នុងតម្លៃ៦០០ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុង ក៏​ឃាត់ឲ្យត្រឡប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន អ្នកទី១​ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន​ដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធី​ច្បាប់។ ហេីយជនទី៣​ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំដេីម្បីធ្វេីចត្តាឡីស័កផងដែរ៕