ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចនឹងចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។
បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ មេសា ២០២១ខាងមុខ គេនឹងត្រូវយកសំណាករបស់សម្តេចទៅពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយនៅព្រឹកថ្ងៃទី២៤ មេសា ២០២១ សម្តេចនឹងចេញដំណើរទៅហ្សាកាតា។ ហើយពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថា ថ្ងៃឬយប់ សម្តេចនឹងត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ។
ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចនឹងត្រូវយកសំណាកពិនិត្យម្តងទៀត។
ហើយនៅពេលទៅដល់ផ្ទះ សម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។
ក្នុងនោះដែរ សម្រាប់សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា៕