សង្គម

តំបន់មួយ​ចំនួនក្នុងរាជធានីភ្នំពេញ ត្រូវ​អាជ្ញាធរ​បិទ​ខ្ទប់​ ក្រោយ​រកឃើញ​មាន​ការ​រាលដាល​ជំងឺកូវីដ​១៩

យ៉ាងហោច​ណាស់​ក៏មាន​សង្កាត់ចំនួន​៥ នៅ​ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​ចំនួន​៣របស់រាជធានីភ្នំពេញ ត្រូវ​បានអាជ្ញាធរ​សម្រេច​ធ្វើ​ការ​បិទ​ខ្ទប់​កាលពីយប់មិញ ដោយ​សារ​តែ​តំបន់ទាំងនោះ មាន​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ​១៩។

តំបន់ដែល​ត្រូវ​បានរាំងខ្ទប់នោះ​រួម​មាន៖ ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១, ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និង ភូមិចំការឳឡឹក២ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និង ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តំបន់ទាំងនោះ​ត្រូវ​បាន​រាំង​ខ្ទប់​រយៈពេល​២សប្តាហ៍ ដោយ​គិត​ចាប់ពីម៉ោង​សូន្យ ថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១ រហូត​ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២១។

ក្នុង​អំឡុង​ពេលនៃ​ការ​អនុវត្តវិធានការ​បិទខ្ទប់នេះ បុគ្គល​គ្រប់រូប​នៅ​ក្នុង​តំបន់​ទាំងនោះ ត្រូវ​បាន​ហាមឃាត់​ការ​ធ្វើដំណើរ​ចេញពីលំនៅឋាន ឬ​ទីសំណាក់បច្ចុប្បន្ន លើក​លែង​តែ​ក្នុងករណីចាំបាច់ ដូចជា​ធ្វើដំណើរ​ទៅ​បំពេញ​ការងារ ឬ​ប្រកប​មុខរបរ ឬអាជីវកម្ម​ក្នុង​ភូមិ​សាស្រ្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ និង​ដែលមិន​មាន​ការ​ហាមឃាត់ ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​លិខិត​បញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម, ការ​ធ្វើដំណើរ​ទៅកាន់ទីកន្លែង​លក់​ម្ហូបអាហារ ឬ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ដែលអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយធ្វើដំណើរ​ក្នុង​គោល​បំណងនេះ អាចធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាងច្រើន២នាក់​ក្នុង​មួយលំនៅឋាន ឬទីសំណាក់ មិន​ឲ្យ​លើស២ដងក្នុងមួយសប្តាហ៍ និង​នៅ​ក្នុង​រង្វង់​ភូមិ​សាស្រ្ត​ដែល​ត្រូវ​បានបិទ​ខ្ទប់៕