សង្គម

អាជីវករ​ផ្សារ​អូឬស្សីដែលមិនព្រមទៅធ្វើតេស្ត​រក​កូវីដ១៩ ​នឹង​បាត់បង់​តូប​លក់របស់ខ្លួនពេលផ្សារបើកឡើងវិញ

ក្នុងសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរាលដាលជំងឺកូវីដ​១៩​នៅ​ផ្សារអូរឬស្សីនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើ​ការ​ព្រមាន​ដល់អាជីវករ​ផ្សារ​អូរឬស្សី ដែលមិនព្រមទៅធ្វើតេស្តរកកូវីដ-១៩ ឬមិនអនុវត្តវិធានការចត្តាឡីស័កបានត្រឹមត្រូវ អាចបាត់បង់កន្លែងលក់ដូររបស់ខ្លួន នៅពេលដែលផ្សារបើកដំណើរការឡើងវិញ។

ការព្រមានរបស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីការឆ្លងកូវីដក្នុងផ្សារអូរឫស្សីបានកើនឡើងមិនស្រាក ដោយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់ សរុបត្រឹមរយៈពេល ៤ ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០នាក់។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏​បាន​អំពាវនាវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ៖ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុង បរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕