កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងដំណើរការសាងសង់យ៉ាងរលូនមិនរងផលប៉ះពាល់ ឬបង្អាក់ដំណើរដោយសារការផ្ទុះជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ដែលកំពុងគំរាមកំហែងពិភពលោកនាពេលបច្ចុប្បន្ននេះឡើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា កីឡដ្ឋានដ៏ធំស្កឹមស្កៃជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាល នៃសាធារណរដ្ឋប្រជាមានិតចិននេះ បាននឹងកំពុងដំណើរការសាងសង់ធម្មតា។ ពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុក៏គ្មានបញ្ហា ឬក្ដីបារម្ភដែរ ព្រោះគម្រោងនេះមានទុនស្រាប់សម្រាប់ចំណាយ ហើយបច្ចុប្បន្នការដំឡើងបង្គំកៅអីក៏ជិតរួចរាល់ដែរ ពោលគឺនៅសល់ប្រមាណ ២០ % ទៅ ៣០ % ទៀតប៉ុណ្ណោះនឹងរួចរាល់ស្ថាពរ។ ប៉ុន្តែអំឡុងពេលវីរុស Covid-19 មានការរីករាលខ្លាំង បង្កក្ដីបារម្ភដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាផង ថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់បានរឹតបណ្ដឹងលើការដើរហើររបស់វិស្វករ និងកម្មករទាំងខ្មែរ និងចិន ដោយមិនអនុញ្ញាតឲ្យចេញក្រៅ ហើយអ្នកក្រៅក៏មិនឲ្យចូលទស្សនាបើគ្មានភារកិច្ចចាំបាច់ដែរ។ ការធ្វើបែបនេះគឺដើម្បីធានាសុវត្ថិភាពជូនវិស្វករ និងកម្មករ ក៏ដូចជាធានានិរន្តរភាពក្នុងការសាងសង់ ឲ្យបានរួចតាមផែនការនៅដំណាច់ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន។
គួរដឹងថា កីឡដ្ឋានធំនៃពហុកីឡាដ្ឋានជាតិមរតកតេជោ គឺជាកីឡដ្ឋានដ៏ប្រណិតមានតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីប្រមាណ ១៦ . ២២ហិកតានៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដើម្បីត្រៀមពិធីបើក – បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានស្រស់ស្អាតជាងមុខគេមួយនៅអាស៊ីនេះ អាចផ្ទុកអ្នកទស្សនាបានជាង ៦ម៉ឺននាក់ ហើយមានលក្ខណៈពិសេសជាច្រើន ពិសេសពេលមានអាសន្នគឺអាចជម្លៀសអ្នកទស្សនាទាំងអស់ ក្នុងរយៈពេលត្រឹម ៧នាទីប៉ុណ្ណោះ៕