បើយោងតាមការបញ្ជាក់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនលោក ហ៊ឹន ត្រឹង ហៅវណ្ណា ដែលជាអ្នកមានជំនាន់ថ្មីនៅខេត្តព្រះសីហនុ រួមជាមួយមេធាវី និងអ្នកពាក់ព័ន្ធម្នាក់ទៀត ជាបន្តបន្ទាប់កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយសង្ស័យពាក់ព័ន្ធនឹងទឹកប្រាក់រាប់លានដុល្លារ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហ៊ិន ត្រឹង ហៅវណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ និងជាអ្នកបំរើការងារឲ្យឧកញ៉ាល្បីឈ្មោះម្នាក់ប្រចាំនៅខេត្តព្រះសីហនុ រួមជាមួយអ្នកពាក់ព័ន្ធចំនួន០២នាក់ផ្សេងទៀត បាននិងកំពុងឃាត់ខ្លួនសាកសួរទៅតាមនីតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្ត តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ដោយជាប់ ពាក់ព័ន្ធករណី ឆបោករំលោ.ភលើទំនុកចិត្ត និងកំហែងយក ដោយឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី។
ដោយឡែកបើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធស្នាលម្នាក់ ជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ក៏បានលួចបង្ហេីបប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ ហ៊ិន ត្រឹង ហៅវណ្ណា គឺជាអ្នកបំរើការងារឲ្យលោកឧកញ៉ា លឹម ហ៊ុយឡេង ពិតជាត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនប្រាកដមែន; នេះហើយជាដូចពាក្យចាស់ថា៖ កូនឆ្មាចង់ស៊ីមេខ្លា (ឆ្លងស្ពានរួច រុះស្ពានចោល)។
គួរបញ្ជាក់ថា ឈ្មោះ ហ៊ិន ត្រឹង ហៅវណ្ណា មុនពេលសមត្ថកិច្ចឃាត់ខ្លួនតែងតែតាំងខ្លួនឯងជា ឧកញ៉ា ដូររថយន្តទំនេីបគ្រប់សេរី ហេីយថ្មីៗនេះទើបទិញរថយន្តស៊េរីឆ្នាំ២០២១ថែមមួយគ្រឿងទៀត ប៉ុន្តែមិនទាន់តែបានជិះក្តៅគូទផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។
ជាមួយគ្នានោះ មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានចេញលិខិតមួយច្បាប់ បានដាក់ជូនលោកអភិបាលខេត្តព្រះសីហនុ ដោយគោរពស្នើទៅលោកអភិបាលខេត្ត សុំពិនិត្យ និងយកសំណាកលើជនសង្ស័យ ដើម្បីបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕