នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីចេញបំរាមគោចរ ដោយហាមឃាត់ការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៥ភ្លឺហើយនោះ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាមនេះ។
ក្រៅតែពីដកហូតមធ្យោបាយធ្វើដំណើរហើយ អ្នកបំពាននោះ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លួនថែមទៀត ហើយអាជ្ញាធរមូលដ្ឋាននឹងតាមដាន ហើយក្នុងករណីមិនព្រមធ្វើចត្តាឡីស័កទៀត នឹងទទួលការផាកពិន័យតាមច្បាប់តែម្ដង។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះក្នុងសហគមន៍៕