ក្នុងសារាចរណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ប្រមុខរាជរដ្ឋាភិបាល បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត។
ជាមួយគ្នា ប្រជាពលរដ្ឋក៏គួរចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។
អនុវត្តវិធានការ «៣ការពារ និង ៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។
ដោយឡែកក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន៕