បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗមានសត្វជ្រូកមិនតិចជាងរយក្បាលទេ ត្រូវបានឈ្មួញម្នាក់ ដែលគេស្គាល់ឈ្មោះថា តែ គឹមឡុង បានដឹកដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកអូរបីជាន់ និងច្រករបៀងផ្សេងៗ ក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពុំមានលិខិតអនុញ្ញាត គ្មានការត្រួតពិនិត្យ និងពុំមានលិខិតបញ្ជាក់សុខភាពសត្វឡើយ។
តែបន្ទាប់ពីមានការរឹតត្បិតចំពោះការនាំចូលសត្វជ្រូកនេះពីសំណាក់សមត្ថកិច្ចជំនាញ ស្រាប់តែឈ្មោះ តែ គឹមឡុង បានកៀរគរប្រជាពលរដ្ឋ ដែលជាអ្នកទិញជ្រូក ពីក្រុមខ្លួន និង អ្នកភូមិផ្សេងៗទៀតឲ្យទៅធ្វើការតវ៉ា នៅសាលាឃុំអូរបីជាន់ ដើម្បីតវ៉ាចំពោះចំណាត់ការ របស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលតែងតែធ្វើសកម្មភាព ទប់ស្កាត់ និង ឃាត់ការនាំជ្រូកចូល ដោយខុសច្បាប់ ទាំងនោះ ។
ចំពោះករណីនេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រឿងអាជីវករ តវ៉ាជាសិទ្ធិរបស់គាត់ តែខាងជំនាញ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ នៅតែបន្តអនុវត្តនីតិវិធីច្បាប់ និងបច្ចេកទេស ទប់ស្កាត់ការឆ្លងជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ព្រោះថា បើមានការផ្ទុះនូវ ជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតឡើង នឹងធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ច ។ ដូចនេះ មិនថា ការនាំចូលលក្ខណៈគ្រួសារ ឬ ពាណិជ្ជកម្មទេត្រូវតែត្រួត ពិនិត្យយកសំណាក ទៅពិនិត្យឱ្យត្រឹមត្រូវ ដើម្បីសុខុមាលភាព អ្នកទទួលទាន៕