វ៉ាក់សាំង ស៊ីណូវ៉ាក់ ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកតាមយន្តហោះពិសេសមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមទទួលពីលោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ប្រទេសចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង១លានដូសដល់ប្រទេសកម្ពុជា បើទោះជាប្រទេសចិនកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួនក៏ដោយ ដែលនេះ ដើម្បីបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសចិន និងកម្ពុជា។ លោកថា សម្រាប់ការបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ របស់កម្ពុជាចំនួន ១.៥លានដូសនេះ គឺប្រទេសចិនបានលក់ជូនកម្ពុជាក្នុងតម្លៃដ៏ពិសេសបំផុត ហើយបានសម្រួលនីតិវិធីឯកសារត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនចិនចំនួន ១លាន៥សែនដូសនេះ គឺបានចំណាយថវិកាប្រមាណ ១៥លានដុល្លារ។
ជាមួយគ្នានេះដែរ កម្ពុជាក៏នឹងត្រៀមទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៤លានដូសបន្ថែមលើ ១.៥លានដូសនេះ ដើម្បីសម្រេចតាមផែនការចាក់ជូនពលរដ្ឋចំនួន១០លាននាក់៕