សង្គម

អាវុធហត្ថខេត្តតាកែវ បង្រ្កាប​ករណីគ្រឿងញៀនជិត៥គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ២នាក់

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស កាលពីពេលថ្មីៗនេះ បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយម្នាក់ចាប់បាននៅស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀត ចាប់បាននៅរាជធានីភ្នំពេញ ព្រមទាំងរឹបអូសវត្ថុតាងបានម្សៅក្រាមពណ៌សថ្លា ជិត៦គីឡូក្រាម ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងថា កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយពេលនោះ​បានធ្វើ​ការ​ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ ដោយដកហូតវត្ថុតាង ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) បានចំនួន ០១កញ្ចប់ ទម្ងន់ ២៥,៩១ក្រាម ទូរស័ព្ទចំនួន០១គ្រឿង ។

ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ដោយថាខ្លួនជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថ​ខេត្ត​តាកែវបានការអនុញ្ញាតពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដឹកនាំបញ្ជារួមដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានការអនុញ្ញាតិពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងអាវុធហត្ថ​ចុះចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជាមួយម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥កញ្ចប់ ទម្ងន់ប្រហែល៥០០ក្រាម ម៉ូតូចំនួន០១គ្រឿង ម៉ាកឃ្លីកពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ PP-1IR-4377 ភ្នំពេញ និងបន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា (ICE) ចំនួន០៥ដុំធំ ទម្ងន់ប្រហែល ៥គីឡូក្រាម ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង០៣រថយន្ត ស្លាកលេខ កោះកុង 2A-0435 ភ្នំពេញ 2A-7793 ភ្នំពេញ 2N-4163។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ កំពុងតែកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕