សង្គម

ក្រសួងសាធារណការព្រមានក្រមហ៊ុនកូរ៉េស្ថាបនាផ្លូវជាតិ២ ដោយទុកពេលត្រឹម១ខែទៀត បើសិនជា…

រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បានប្រកាស​នៅព្រឹក​ថ្ងៃទី២១ ឧសភា នេះ ដោយ​ទុក​រយៈ​ពេល​១ខែ​ដល់​ក្រុមហ៊ុន​ហាន់ស៊ីង ដែលទទួល​ខុស​ត្រូវ​ស្ថាបនា​ផ្លូវជាតិលេខ២ រៀបចំឲ្យ​មាន​គ្រឿងចក្រ និង​ក្រុមអ្នក​បច្ចេកទេស បើពុំនោះទេ​ក្រសួងនឹង​លុបចោល​ក្រុមមួយ​នេះ ហើយ​ជ្រើសរើស​ក្រុមហ៊ុន​ផ្សេង​មក​ជំនួសវិញ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង លោក​ ព្រមទាំង​ក្រុមការងារ ក៏​ដូចជា​ធនាគារកូរ៉េ មន្រ្តីស្ថានទូតជា​ដើម បាន​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិលេខ២ ហើយ​ឃើញថា គ្មាន​គ្រឿងចក្រ​មក​ធ្វើ​ការ​ឈូសឆាយស្ថាបនា​ផ្លូវជាតិ​មួយ​នេះ​ឡើយ ខណៈដែល​ការ​បើក​ការដ្ឋាន​បានធ្វើ​ឡើងអស់​រាប់ខែមកហើយ។

សូមរំលឹកថា ផ្លូវជាតិលេខ២ – លេខ២២ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជាដែលគ្រោងចំណាយជាង៥៦ លានដុល្លារ៕