សង្គម

ថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត

អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ត្រូវ​គេ​រាយការណ៍​នៅព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១នេះថា បានស្លាប់ ដោយម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជនជាតិចិន។

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់នោះ ទី១ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, អ្នកជំងឺតេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយ​បានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។

ទី២ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ រកឃើញជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និងបានស្លាប់នៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។

សូម​បញ្ជាក់ថា បើ​រាប់ទាំង២ករណីថ្មីនេះ កម្ពុជា​មាន​អ្នក​ស្លាប់ដោយសារ​ជំងឺកូវីដ​១៩ចំនួន៧នាក់ហើយ៕