សង្គម

ព្រឹកមិញ ឆេះរោងចក្រ​ផលិតខ្សែភ្លើងនៅ​តំបន់​សេដ្ឋកិច្ចពិសេស 7NG

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ នេះ រោងចក្រ​ខ្សែភ្លើង ឃ្យុ​ង​ស៊ី​ង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្ថិតនៅ​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន​អគ្គិភ័យ ឆាបឆេះ។

រោងចក្រ​នេះ មាន​ម្ចាស់​ឈ្មោះ ចាង សាង​ហូ អាយុ ៤៦ ឆ្នាំ ជា​ជនជាតិ​កូរ៉េខាងត្បូង​ហើយ​ក្នុង រោងចក្រ​នេះ មាន​កម្មករ ដែល​កំពុងធ្វើការ ចំនួន ១.៦៧៥ នាក់ ស្រី ១.៣១៨ នាក់​។​

​យោងតាម​របាយការណ៍​របស់ អធិការដ្ឋាន​នគរបាល ស្រុក​ខ្សាច់កណ្ដាល បាន​ឲ្យ​ដឹងថា ករណីអគ្គិភ័យនេះកម្លាំង​ជំនាញ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ស្រុក​ខ្សាច់កណ្ដាល បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ស្រុក​ខ្សាច់កណ្ដាល ១​គ្រឿង និង​ឡានទឹក របស់ 7NG ចំនួន ២ គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់ ចំនួន ២៥ ម៉ែត្រ​គីប ទើប​រលត់​ទាំងស្រុង​។​

​សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យ​នេះ បណ្ដាលមកពី​ឆ្លង​ចរន្ដអគ្គិសនី នៅក្បែរ រោង​បាយ ហើយ​បាន​ឆាបឆេះ ផ្នែក​រោង​ម៉ាស៊ីន រហូតដល់​រោង​បាយ តែ​មិន​ឆេះ​ចូល​កន្លែង កម្មករ​ធ្វើការ​ឡើយ​។

ក្នុង​ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​កម្មករ​ម្នាក់ រងរបួស​ស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​៕