សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃនេះ បានទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះមានការផ្ទុះកក្រើកវីដេអូវាយប្រើអំពើហិង្សា ទៅលើអតីតភរិយារបស់ ឧកញ៉ា ឌួង ឆាយនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យមានការរិះគន់ខ្លាំងពីសំណាក់សាធារណជន។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាផងដែរ។
ក្រសួងកិច្ចការនារី អះអាងថា អំពើហិង្សាគ្រប់ទម្រង និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕