បើយោងតាមគណនេយ្យ FaceBook របស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា មានបុរសម្នាក់ឈ្មោះ សន អ៊ុយ អាយុ៣២ ឆ្នាំ ធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ច និងមន្ត្រីពេទ្យបានចុះទៅពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ ហើយព្រឹកឡើងថ្ងៃ ១៤ មីនា បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) ត្រូវរដ្ឋបាលស្រុក និងមន្ទីពេទ្យបង្អែកបាទី បានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ លុះមកដល់រាត្រីថ្ងៃទី១៦ មីនា លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវិដ-១៩ ។
បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ អ៊ិន ក្នុងខេត្តតាកែវដដែល៕