សង្គម

ជនជាតិចិនម្នាក់ស្លាប់ពេលធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ​ជិត ២រសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១ មានបុរស​ជនជាតិចិនម្នាក់បានស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

បុរសជនជាតិចិនរូបនេះ អាយុ​២៧ឆ្នាំ បានស្នាក់​នៅ និង​ធ្វើ​ចត្តាឡីស័ក​នៅ​បន្ទប់លេខ ៩១៨ ក្នុង​អគារស្នាក់​នៅ​រួម​របស់​បុគ្គលិកកាស៊ីណូមួយ​កន្លែង ស្ថិត​នៅ​សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១ វេលាម៉ោង​ប្រមាណជិត៩យប់ បុរសរូបនេះ​មាន​អាការៈហត់ និង​ចុះខ្សោយ​ខ្លាំង ក៏​ត្រូវ​បាន​បញ្ជូន​ទៅសង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ, ដោយ​មានស្ថានភាពចុះខ្សោយពេក បុរស​រូបនោះ​ក៏​ទទួលមរណភាព នៅ​វេលាម៉ោង ១៣ និង​៤៣នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

តាមការ​ពិនិត្យ​វាយ​តម្លៃ​បឋម​របស់​ក្រុម​គ្រូពេទ្យបង្ហាញថា បុរស​ខាងលើ​មានជំងឺរលាកលំពែង និង​សួតរ៉ាំរ៉ៃ ព្រមទាំង​ឡើង​ជាតិស្ករខ្លាំង។

យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅធ្វើវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បីបន្ត​នីតិវិធីហើយ៕